ភ្លើងតែងក្ដៅជីវិតតែងមានបញ្ហាគ្មាននរណាជៀសរួចទេ។ ច្នៃខួរក្បាលអ្នកឱ្យក្លាយជាសួនផ្កា ទម្លាប់គិតរឿងល្អៗ។ កុំពូកែទើសពេក លំបាកតែខ្លួនឯង។ ដើរបានមួយជំហានទៀតដួលក៏ត្រូវតែដើរដែរ។ និយាយតិចប្រសើរជាងនិយាយច្រើន តែអត់បានការ។ ក្រទ្រព្យនាំឱ្យលំបាកក្រគុណធម៌នាំឱ្យកើតទុក្ខ។
កុំអាងចំណេះ កុំអាងអំណាច កុំលើកខ្លួនពេក កុំមើលងាយមនុស្ស។ មានទ្រព្យ តែចិត្តមួរម៉ៅក្ដៅក្រហាយ មិនប្រសើរឡើយ។ អ្នកមិនអាចបង្ខំពងមាន់ឱ្យញាស់មុនពេលកំណត់បានទេ រៀនរង់ចាំ។ រៀនព្រមខ្លះ ទើបមិនសូវមានទុក្ខអ្វីៗមិនចេះតែបានតាមចិត្តទេ។ រៀនដោះលែងខ្លួនអ្នកពីអតីតកាល។
កំហឹងជាជាតិពុលក្នុងចិត្តអ្នក។ មើលចំណុចអាក្រក់គេច្រើន មានន័យថា ចិត្តអ្នកសម្បូរធាតុអាក្រក់ច្រើន។ រឿងខ្លះស្ដាប់ចូលត្រចៀកម្ខាង ហើយចេញត្រចៀកម្ខាងទៀត ក៏ល្អដែរ។ ខឹងស្អប់ច្រណែន កំណាញ់ជាមេរោគបំផ្លាញសេចក្ដីសុខអ្នក។
លះចិត្តអាក្រក់ៗចេញ ទើបជីវិតបានសុខច្រើន។ អានសៀវភៅស្ដាប់ធម៌ប្រសើរជាងនិយាយដើមគេ។ មានស្មារតីតាមដានចិត្តអ្នកជាប្រចាំ ទើបជីវិតរឹងមាំ។ មានរូប មានទុក្ខចិត្តមួម៉ៅបន្ថែមទុក្ខកាន់តែខ្លាំងឡើង។ រកចំណេះ រកទ្រព្យ កុំភ្លេចរកធម៌ផង ទើបជីវិតបានសុខ។